ព្រះត្រៃបិដក ភាគ ០៣

 [​១៤១​]​ ​ត្រង់​ពាក្យ​ថា​ ​ភេសជ្ជៈ​ណាមួយ​ដែល​ពួក​ភិក្ខុ​មាន​ជម្ងឺ​គប្បី​ឆាន់​បាន​ ​គឺ​ ​សប្បិ​(​១​)​ ​របស់​គោ​ក្ដី​ ​សប្បិ​របស់​ពពែ​ក្ដី​ ​សប្បិ​របស់ក្រ​បី​ក្ដី​ ​ឈ្មោះថា​សប្បិ​ ​(​ទឹកដោះ​រាវ​)​។​ ​សាច់​របស់​សត្វ​ទាំងឡាយ​ណា​ដែល​សមគួរ​ដល់​ពុទ្ធានុញ្ញាត​ ​សប្បិ​របស់​សត្វ​ទាំងឡាយ​នោះ​ ​ក៏​សមគួរ​ដែរ​។​ ​ដែល​ហៅថា​ ​ទឹកដោះខាប់​ ​គឺ​ទឹកដោះខាប់​របស់​សត្វ​ទាំងនោះ​ឯង​។​ ​ប្រេងល្ង​ ​ប្រេង​ស្ពៃ​ ​ប្រេង​ស្រគំ​ ​ប្រេងល្ហុង​ខ្ញែរ​ ​ប្រេង​ធ្វើ​ពី​ខ្លាញ់​រាវ​ ​ឈ្មោះថា​ ​ប្រេង​។​ ​ទឹក​ផ្អែម​កើត​ពី​មេឃ្មុំ​ជាដើម​ ​ឈ្មោះថា​ទឹកឃ្មុំ​។​ ​ទឹក​កើត​ពីដើម​អំពៅ​ ​ឈ្មោះថា​ទឹកអំពៅ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ទទួល​ភេសជ្ជៈ​នោះ​ហើយ​ ​គួរ​ទុក​ឆាន់​បាន​យ៉ាង​យូរ​ត្រឹម៧ថ្ងៃ​ ​មាន​អធិប្បាយ​ថា​ ​ភេសជ្ជៈ​ទាំងនោះ​គប្បី​ទុក​ឆាន់​បាន​យ៉ាង​យូរ​ត្រឹម៧ថ្ងៃ​។​ ​បើ​ទុក​ឱ្យ​កន្លង​កំណត់​នោះ​ទៅ​ ​ភេសជ្ជៈ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​គឺថា​ ​ជា​និ​ស្សិ​គ្គិ​យក្នុង​កាល​អរុណរះ​ឡើង​ក្នុង​ថ្ងៃទី៨​ ​ភេសជ្ជៈ​ដែល​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ភេសជ្ជៈ​របស់ខ្ញុំ​នេះ​កន្លង​ហួស៧ថ្ងៃហើយ​ ​ជា​និ​ស្ស​គ្គិ​យ​វត្ថុ​ ​ខ្ញុំ​សូម​លះបង់​ភេសជ្ជៈ​នេះ​ដល់​សង្ឃ​។​ ​សេចក្ដី​អំពី​នេះ​ទៅ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​ចីវរ​វគ្គ​។​
​(​១​)​ ​ទឹកដោះ​រាវ​របស់​គោ​ ​កេះ​ ​ពពែជា​ដើម​ ​ហៅថា​ ​សប្បិ​ ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636783317514887325
ទៅកាន់ទំព័រ៖