ព្រះត្រៃបិដក ភាគ ០៣
ហើយដល់នៅកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានល្អឱ្យហួសហេតុ) គឺពោលថានែអ្នកដ៏មានអាយុ ចីវរនេះគេឱ្យត្បាញចំពោះអាត្មា អ្នកទាំង ឡាយចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យមានសាច់ញឹក ឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ចូរត្រដោះកួតហើយសិតឱ្យល្អ សឹមអាត្មាថែមរង្វាន់ឱ្យអ្នកបន្ដិចបន្ដួច។ ភិក្ខុនោះលុះនិយាយយ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យដោយហោចទៅ ទុកជាគ្រាន់តែចង្ហាន់បិណ្ឌបាត(១ឆ្អែត) ក៏ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ។
[១៥៨] ត្រង់ពាក្យថា ចំពោះភិក្ខុណាមួយ គឺដើម្បីជាប្រយោជន៍ដល់ភិក្ខុ គឺធ្វើភិក្ខុឱ្យជាអារម្មណ៍ ហើយចង់ឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ គហបតិដែលមិនជាប់ចំពាក់ (ជាសាច់ញាតិ) ពីចំណែកខាងមាតាក្ដី បិតាក្ដី រៀងរាល់ដល់គូជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុគ្គលណា មួយដែលគ្រប់គ្រងគេហស្ថាន បុគ្គលនោះហៅថា គហបតិ។ ស្រីណាមួយដែលគ្រប់គ្រងគេហស្ថាន ស្រីនោះហៅថា គហបតានី។ ពាក្យថា ជាងដម្បាញ បានដល់ពួកអ្នកធ្វើការត្បាញ។ បណ្ដាចីវរ ៦ យ៉ាង ចីវរយ៉ាងណានីមួយយ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន ហៅថា ចីវរ។ ពាក្យថា ឱ្យត្បាញ គឺថាឱ្យចាក់អម្បោះឬសូត្រធ្វើសម្ពត់។
ID: 636783328943441001
ទៅកាន់ទំព័រ៖