ព្រះត្រៃបិដក ភាគ ០៣
ឮថាពួកភិក្ខុទទួលអច្ចេកចីវរ ហើយបណ្ដោយឱ្យកន្លងហួសចីវរកាលទៅ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោសការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មិនសមបី បើពួកមោឃបុរសនោះ ទទួលអច្ចេកចីវរ ហើយបណ្ដោយឱ្យកន្លងហួសចីវរកាលទៅទេ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាផង មិននាំឱ្យជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ថ្ងៃពេញបូណ៌មីខែកត្ដិក
(១) ដែលជាខែទី ៣ នៃវស្សានរដូវនៅខ្វះ១០ថ្ងៃ
(២) ទៀតនឹងគ្រប់ (គឺថ្ងៃ៥កើតខែអស្សុជ) បើអច្ចេកចីវរកើតឡើងដល់ភិក្ខុៗសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុក លុះទទួលហើយគប្បីទុកដាក់ដរាបអស់សម័យចីវរកាល បើភិក្ខុទុកយូរឱ្យហួសកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
(១) ថ្ងៃពេញបូណ៌មីខែបឋមកត្ដិក គឺថ្ងៃ ១៥ កើតខែអស្សុជ។ (២) គិតពីត្រឹមថ្ងៃ ៥ កើត ទៅដល់ថ្ងៃ ១៥ កើតខែអស្សុជ។ បើភិក្ខុមិនបានក្រាលកឋិនទេ ត្រូវទុកអច្ចេកចីវរបានត្រឹម១ខែ ១១ថ្ងៃ បើបានក្រាលកឋិន ត្រូវទុកបាន៥ខែ ១១ថ្ងៃ ទុកឱ្យហួសអំពីកំណត់នោះទៅ សូម្បីត្រឹមតែ១ថ្ងៃក៏ពុំបានឡើយ (អដ្ឋកថា)។
ID: 636783331408151974
ទៅកាន់ទំព័រ៖