ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៣
[២៥៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដជេតវន ជារបស់អនាថបិណ្ឌិក ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុតែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយដែលបង្កហេតុប្រកួតប្រកាន់ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយយកទៅ និយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដីកហេតុទាំងឡាយដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីកហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងឡើងផង។ ពួកភិក្ខុណាមួយដែលជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុអ្វីបានជាពួកឆព្វគ្គិយភិក្ខុតែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយ ដែលបង្កហេតុប្រកួតប្រកាន់ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះ ហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ
ID: 636783424777612402
ទៅកាន់ទំព័រ៖