ព្រះត្រៃបិដក ភាគ ០៣
            
        
        
            
            
                
                សិក្ខាបទទី ៥
 [២៨៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគកាលគង់នៅ អគ្គាឡវចេតិយ ជិតក្រុងអាឡវី។ សម័យនោះឯង ពួកឧបាសកតែងមកកាន់អារាមដើម្បីនឹងស្ដាប់ធម៌។ កាលបើធម្មកថិកសំដែងធម៌ចប់ហើយ ពួកភិក្ខុជាថេរក៏ទៅកាន់ទីដែលខ្លួននៅ។ ភិក្ខុបួសថ្មីទាំងឡាយ ក៏ភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាតកាយថ្ងូរស្រមុកដេកលក់ជាមួយនឹងឧបាសក ទំាងឡាយក្នុងសាលាសម្រាប់ធ្វើបុណ្យនោះឯង។ ឧបាសកទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនទំនងជាមនុស្សភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាតកាយថ្ងូរស្រមុកសឹងលក់ឡើយ។ ភិក្ខុទាំងឡាយបានឮពាក្យរបស់ឧបាសកទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសម្បី ភិក្ខុទាំងឡាយសឹងជាមួយនឹងអនុបសម្បន្នឡើយ។ ខណៈនោះឯង ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ 
            
 
            
         
        
            
                ID: 636783431934781769 
                
            
            
                ទៅកាន់ទំព័រ៖