ព្រះត្រៃបិដក ភាគ ០៣
និមន្ដទៅក្រុងសាវត្ថីហើយបានប្រាប់សេចក្ដីនេះដល់ភិក្ខុទាំងឡាយ។ភិក្ខុ ទាំងឡាយណាដែលមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ ពោលទោសតិះដៀល បន្ដុះបង្អាប់ថា ព្រះអនុរុទ្ធដ៏មានអាយុមិនគួរនឹងទៅ អាស្រ័យទីដេកនៅជាមួយនឹងមាតុគ្រាមសោះ។ ខណៈនោះ ភិក្ខុទាំងនោះ ក៏បានទូលរឿងនុ៎ះចំព្រោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ សួរថា ម្នាលអនុរុទ្ធ បានឮថា អ្នកសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ពិតមែនឬ។ ព្រះអនុរុទ្ធក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលអនុរុទ្ធ អ្នកមិនគួរនឹងសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាមទេ ម្នាលអនុរុទ្ធ អំពើ ដែលអ្នកឯងធ្វើនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។
[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ ។ បេ។ ដែលហៅថា មាតុគ្រាមនោះ គឺស្រីមនុស្ស ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ ដោយហោចទៅសូម្បីតែក្មេងស្រីដែលកើតក្នុងថ្ងៃនោះ (ក៏ហៅថាមាតុគ្រាមដែរ)
ID: 636783435487975000
ទៅកាន់ទំព័រ៖