ព្រះត្រៃបិដក ភាគ ០៣
ត្រូវនិស្សគ្គិយហើយ ឥឡូវនេះខ្ញុំសូមលះចីវរនេះដល់សង្ឃ។ (ត្រង់ បេយ្យាលទាំងបីមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះ)។
[៣៨] កាលបើមូលចីវរដែលមានចំណែកមិនស្មើគ្នា
(១) កើតឡើងហើយ បច្ចាសាចីវរ ក៏កើតឡើងដែរ តែរាត្រីសល់នៅច្រើន (បើ) ភិក្ខុមិនចង់ធ្វើទេ ក៏មិនត្រូវធ្វើ (ចីវរនោះឡើយ)។
[៣៩] ចីវរកន្លងទៅ១ខែហើយ ភិក្ខុសំគាល់ថាកន្លងទៅមែន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ចីវរកន្លងទៅ ១ខែហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ចីវរកន្លងទៅ ១ខែហើយ ភិក្ខុសំគាល់ថា មិនទាន់កន្លងទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ចីវរដែលមិនបានអធិដ្ឋាន ភិក្ខុសំគាល់ថាបានអធិដ្ឋានហើយ (ក្ដី) ចីវរដែលមិនបានវិកប្ប ភិក្ខុសំគាល់ថាបានវិកប្បហើយ (ក្ដី) ចីវរដែលមិនបានលះបង់ ភិក្ខុសំគាល់ថាបានលះបង់ហើយ (ក្ដី) ចីវរដែលមិនបាត់ ភិក្ខុសំគាល់ថាបាត់ (ក្ដី) ចីវរដែលមិនខូចទេ ភិក្ខុសំគាល់ថាខូច (ក្ដី) ចីវរភ្លើងមិនឆេះ ភិក្ខុ សំគាល់ថាភ្លើងឆេះ (ក្ដី) ចីវរចោរឥតបានយកទេ ភិក្ខុសំគាល់ថា ចោរយក (ក្ដី) ត្រូវនិស្សគ្គិយបាចិត្ដិយ (ដូចគ្នាទាំងអស់)។
(១) មូលចីវរ ឬបច្ចាសាចីវរដែលមានសាច់ក្រាស់ស្ដើងមិនស្មើគ្នា ភិក្ខុមិនអាចនឹងដេរជាមួយគ្នាបាន ហៅថា មានចំណែកមិនស្មើគ្នា ។
ID: 636783186377706707
ទៅកាន់ទំព័រ៖