ព្រះត្រៃបិដក ភាគ ០៣
ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាមិនសមបើនឹងហ៊ាន ពោលសរសើគុណឧត្ដរិមនុស្សធម៌របស់គ្នានឹងគ្នា ចំពោះពួកគ្រហស្ថព្រោះហេតុតែចង់ឆ្អែតផ្ទៃទេ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកធ្វើនេះមិនបាននាំឱ្យកើតសេចក្ដីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយប្រាប់ឧត្ដរិមនុស្សធម៌ ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ ព្រោះឧត្ដរិមនុស្សធម៌នោះភិក្ខុបានពិតមែន។
[៣០៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹង បារាជិកកណ្ឌសិក្ខាបទទី១ហើយ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងតែភិក្ខុនិងភិក្ខុនីចេញ ក្រៅអំពីនោះហៅថា អនុបសម្បន្នទាំងអស់។
[៣០៧] ដែលហៅថា ឧត្ដរិមនុស្សធម្ម(១) នោះ សំដៅយកឈាន១ វិមោក្ខ១ សមាធិ១ សមាបត្ដិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ ចិត្ដវិនីវរណៈ១ សុញ្ញាគារអភិរតិ១។
[៣០៨] បទថា ឈាន គឺសំដៅយកបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ បទថា វិមោក្ខ គឺសំដៅយកសុញ្ញតវិមោក្ខ
(១) ពួកឧត្ដរិមនុស្សធម្មនេះ បានអធិប្បាយក្នុងបារាជិកទី ៤ រួចហើយ។
ID: 636783445098564694
ទៅកាន់ទំព័រ៖