ព្រះត្រៃបិដក ភាគ ០៣
ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរបើនឹងហ៊ានជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះនូវផែនដីទេ នែមោឃបុរសទាំងឡាយ ព្រោះពួកមនុស្សមាន សេចក្ដីសំគាល់ថាផែនដីជាវត្ថុមានជីវិត នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ នឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង ឬពួកជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយជីកដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យជីកក្ដី នូវផែនដីត្រូវអាបត្ដិបាចិត្ដិយ។
[៣៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹង សិក្ខាបទទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថា ផែនដី បានដល់ផែនដីមានពីរយ៉ាង គឺជាតបឋវី ផែនដីមានដីច្រើនជាងវត្ថុឯទៀត១ អជាតបឋវី ផែនដីមានដីតិចជាងវត្ថុឯទៀត១។ ដែលហៅថា ជាតបឋវី (នោះ) គឺអាចម៍ដីសុទ្ធ ដីស្អិតសុទ្ធ ដីមានថ្មតិច មានក្រួសតិច មានបំណែកអម្បែងតិច មានក្រួសរវានតិច មានខ្សាច់តិច មានអាចម៍ដីច្រើន
ID: 636783454830361321
ទៅកាន់ទំព័រ៖