ព្រះត្រៃបិដក ភាគ ០៣
[៣៦៣] ដែលហៅថា ធ្វើឱ្យសង្ឃបានសេចក្ដីលំបាក (នោះ) គឺភិក្ខុ(ណាមួយ)ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ មិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបនូវវត្ថុ និងអាបត្ដិនោះ ហើយស្ងៀមមិនស្ដី នាំឱ្យសង្ឃបានសេចក្ដីលំបាក ភិក្ខុនេះឈ្មោះថាធ្វើឱ្យសង្ឃបានសេចក្ដីលំបាក។
[៣៦៤] កាលបើអញ្ញវាទកកម្មសង្ឃមិនបានលើកឡើងទេ ភិក្ខុ (ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបឡើងនូវវត្ថុ និងអាបត្ដិនោះ ត្រឡប់ជាពោលបិទបាំងនូវ ពាក្យដទៃដោយដទៃវិញថា នរណាបានត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិ ព្រាះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលនឹងនរណា លោកទាំងឡាយពោលដូចម្ដេច ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។ កាលបើវិហេសកកម្មដែលសង្ឃមិនបានកើតឡើងទេ ភិក្ខុណា ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបឡើង នូវវត្ថុនិងអាបត្ដិនោះ ស្លៀមមិនស្ដី នាំឱ្យសង្ឃបានសេចក្ដីលំបាក ភិក្ខុ នោះត្រូវអាបត្ដិទុក្កដ។
ID: 636783463791863889
ទៅកាន់ទំព័រ៖