ព្រះត្រៃបិដក ភាគ ០៣
គ្រានោះ ភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ លំដាប់នោះ ព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរចំពោះពួកមេត្ដិយភុម្មជកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយ បង្គាប់ភិក្ខុទាំងឡាយឱ្យពោលទោសទព្វមល្លបុត្ដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងបង្គាប់ពួកភិក្ខុ (ដទៃ) ឱ្យពោលទោសទព្វមល្លបុត្ដសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុបង្គាប់ភិក្ខុ ( ដទៃ ) ឱ្យពោលទោសភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយ សិក្ខាបទនេះព្រះដ៏មានព្រះភាគបានបញ្ញត្ដដល់ពួកភិក្ខុយ៉ាងនេះ។
[៣៦៩] សម័យនោះឯង ពួកមេត្តិយភុម្មជកភិក្ខុគិតគ្នាថា ការដែលប្រើភិក្ខុ (ដទៃ) ឱ្យពោលទោស ព្រះដ៏មានព្រះភាគបានហាមរួចហើយ ព្រោះហេតុនោះភិក្ខុទាំងឡាយមុខជានឹងបានឮ ដោយពាក្យមានប្រមាណប៉ុណ្ណេះ ហើយក៏តិះដៀល ព្រះទព្វមល្លបុត្ដដ៏មានអាយុជិតពួកភិក្ខុ (ដទៃ)
ID: 636783465223325764
ទៅកាន់ទំព័រ៖