ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៤
[៣៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដព្រះជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះ ភិក្ខុទាំងឡាយបានតែងតាំងគ្រឿងសេនាសនៈ នៅទីវាល ហើយកំដៅកាយ ក្នុងកាលហេមន្ដរដូវ (សម័យដែលមានទឹកសន្សើម) កាលបើគេប្រាប់ភត្ដកាល គឺនិមន្ដឆាន់ ហើយកាលនឹងដើរចេញទៅចាកទីនោះ មិនរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ។ ឯគ្រឿងសេនាសនៈទទឹកដោយទឹកសន្សើមជោកអស់។ ពួកភិក្ខុណាដែល មានសេចក្ដីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងតែងតាំងគ្រឿងសេនាសនៈនៅ ទីវាល ហើយកាលនឹងដើរចេញទៅ មិនរើយកមកទុកដាក់មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ គ្រឿងសេនាសនៈក៏ជោកជាំដោយទឹកសន្សើម គ្រានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់បានត្រាស់សួរនូវភិក្ខុទាំងឡាយ
ID: 636783466897071497
ទៅកាន់ទំព័រ៖