ព្រះត្រៃបិដក ភាគ ០៣
[៣៧៨] អាបត្ដិមិនមានដល់ភិក្ខុដែលបានរើយកគ្រឿងសេនាសនៈ មកទុកដាក់ដោយខ្លួនឯងហើយដើរចេញទៅ ដល់ភិក្ខុដែលបានប្រើអ្នកដទៃឲ្យរើយកគ្រឿងសេនាសនៈមកទុកដាក់ ហើយដើរចេញទៅ ដល់ភិក្ខុដែលបានប្រាប់(អ្នកដទៃ) ហើយដើរចេញទៅ ដល់ភិក្ខុដែលហាលគ្រឿងសេនាសនៈហើយដើរចេញទៅ(ដោយគិតថានឹងត្រឡប់មកយកទុកវិញ) ដល់ភិក្ខុដែលមានគ្រឿងសេនាសនៈ ដែលមានបុគ្គលណាមួយមកបៀតបៀន
(១) ដល់ភិក្ខុដែលមានសេចក្ដីអន្ដរាយ
(២) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី ៤ ចប់។
(១) បើមានភិក្ខុចាស់បង្គាប់ភិក្ខុនោះឱ្យក្រោកចេញចាកទីសេនាសនៈ ហើយកាន់យកដោយខ្លួនលោកក្ដី ឬមានយក្សក្ដី ប្រេតក្ដី វាមកអង្គុយនៅលើសេនាសនៈនោះ ឬមានជនជាធំណាមួយមកដល់ ហើយកាន់យកគ្រឿងសេនាសនៈនោះ គ្រឿងសេនាសនៈនោះ ឈ្មោះថាមានបុគ្គលណាមួយមកបៀតបៀន។ ម្យ៉ាងទៀត កាលបើមានពួកសត្វ មានរាជសីហ៍និងខ្លាជាដើម វាមកក្នុងប្រទេសហើយ ឈរនៅជិតគ្រឿងសេនាសនៈនោះ គ្រឿងសេនាសនៈនោះឈ្មោះថាមានបុគ្គលណាមួយមកបៀតបៀនដូចគ្នាដែរ។ តែមានបុគ្គលណាមួយមកបៀតបៀនយ៉ាងនេះហើយ ទុកជាភិក្ខុមិនបានរើយកគ្រឿងសេនាសនៈមកទុកដាក់ ក៏មិនត្រូវអាបត្ដិឡើយ ។ (២) គឺអន្ដរាយជីវិត ឬអន្ដរាយព្រហ្មចរិយធម៌ ។
ID: 636783469597935978
ទៅកាន់ទំព័រ៖