ព្រះត្រៃបិដក ភាគ ០៣
គប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសុំចីវរចំពោះគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ។
[៥៤] សម័យនោះឯង ពួកភិក្ខុជាច្រើនចេញអំពីក្រុងសាកេត ដើរតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ពួកចោរចេញមកដណ្ដើម (យកបាត្រនិងចីវរ) របស់ភិក្ខុទាំងនោះក្នុងពាក់កណ្ដាលផ្លូវ។ លំដាប់នោះ ភិក្ខុអម្បាលនោះរង្កៀសក្នុងចិត្ដថា ការសុំចីវរចំពោះគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហើយមិនហ៊ានសុំចីវរ ក៏ដើរទាំងអាក្រាត ធ្លាំងទៅកាន់ក្រុងសាវត្ថី ហើយថ្វាយបង្គំភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ពោលពាក្យយ៉ាងនេះថា នែអាវុសោទាំងឡាយ អាជីវកអស់នេះល្អ ចេះសំពះភិក្ខុទាំងឡាយដែរ។ ភិក្ខុ អាក្រាតទាំងនោះនិយាយថា ម្នាលអាវុសោ យើងមិនមែនអាជីវកទេ យើងក៏ភិក្ខុដែរ។ ពួកភិក្ខុក៏និយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា នែឧបាលិដ៏មានអាយុ និមន្ដលោកសង្កេតសួរមនុស្សអាក្រាតអស់នេះមើល។ ភិក្ខុអាក្រាតទាំងឡាយនេះ លុះព្រះឧបាលិដ៏មានអាយុសង្កេតសួរ ក៏បានប្រាប់ដំណើរនុ៎ះ (ដោយសព្វគ្រប់)។
ID: 636783195268895254
ទៅកាន់ទំព័រ៖