ព្រះត្រៃបិដក ភាគ ០៣

ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិនសមបើ​នឹង​មិនដឹង​ប្រមាណ​ ​សុំ​ចីវរ​មាន​ចំនួន​ច្រើន​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ ​ឬមិន​មែន​នាំ​ឱ្យ​រឹងរឹតតែ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​បើ​គហបតិ​ក្ដី​ ​គហបតានី​ក្ដី​ ​បវារណា​ដល់​ភិក្ខុ​នោះ​ ​ដើម្បី​ឱ្យ​កាន់​យក​តាមត្រូវ​ការ​ដោយ​ចីវរ​ដ៏​ច្រើន​ ​ភិក្ខុ​នោះ​គប្បី​ត្រេកអរ​ចំពោះ​ចីវរ​នោះ​តែត្រឹម​អន្ដរ​វាសក​ ​និង​ឧត្ដរាសង្គ​ ​បើ​ភិក្ខុ​ត្រេកអរ​ឱ្យ​លើស​ជាង​កំណត់​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 [​៥៩​]​ ​ត្រង់​ពាក្យ​ថា​ ​ដល់​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​មាន​ចីវរ​ដែល​ចោរ​ដណ្ដើមយក​ទៅ​។​ ​ជន​ដែល​មិន​ជាប់​អំពី​ចំណែក​មាតា​ក្ដី​ ​អំពី​ចំណែក​បិតា​ក្ដី​ ​ដរាបដល់​គូ​នៃ​ជីដូនជីតា​ជា​គំរប់៧​ ​ហៅថា​ ​មិនមែន​ញាតិ​។​ ​មនុស្ស​ប្រុស​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មនុស្ស​ប្រុស​នោះ​ហៅថា​ ​គហបតិ​។​ ​មនុស្ស​ស្រី​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មនុស្ស​ស្រី​នោះ​ហៅថា​ ​គហបតានី​។​ ​ពាក្យ​ថា​ ​ចីវរ​ច្រើន​ ​គឺជា​ចីវរ​មាន​ប្រមាណ​ច្រើន​។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ទៅកាន់ទំព័រ៖