ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី៨
[៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះ បុរសម្នាក់បាននិយាយពាក្យនេះនឹងប្រពន្ធថា អញនឹងឱ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្ដប់ចីវរ។ កាលដែលបុរសនោះកំពុងនិយាយពាក្យយ៉ាងនេះ ភិក្ខុជាអ្នកប្រព្រឹត្ដបិណ្ឌបាតមួយអង្គបានឮ (ពាក្យនោះច្បាស់)។ ទើបភិក្ខុនោះចូលទៅរកព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដ លុះចូលទៅដល់ ហើយ ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យច្រើន (ព្រោះ) ក្នុងឱកាសឯណោះ មានបុរសម្នាក់និយាយពាក្យនេះនឹងប្រពន្ធថា អញនឹងឱ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្ដប់ចីវរ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បុរសនោះជាឧបដ្ឋាកខ្ញុំ។ ព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ ចូលទៅរកបុរសនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ ឮថាអ្នកមានប្រាថ្នានឹងឱ្យអាត្មាស្លៀកដណ្ដប់ចីវរ មែនឬ។
ID: 636783206963154128
ទៅកាន់ទំព័រ៖