ព្រះត្រៃបិដក ភាគ ០៣
            
        
        
            
            
                
                ស្លៀកដណ្ដប់ចីវរទាំងឡាយ។ បើភិក្ខុនោះគេមិនបានបវារណាជាមុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយកំណត់ចីវរដោយពាក្យថា ស្រួលហើយ អ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងពីរចូររួបរួមជាមួយគ្នា ទិញចីវរបែបយ៉ាងនេះផងៗ ដោយដម្លៃចីវរម្ចាស់ផ្សេងគ្នាយ៉ាងនេះ ហើយឱ្យអាត្មាស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 [៦៧] ត្រង់ពាក្យថា ចំពោះភិក្ខុមួយរូប គឺដើម្បីប្រយោជន៍ដល់ភិក្ខុ ធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់។ ពាក្យថា ទាំងពីរនាក់ គឺជនទាំងពីរ។ ជនទាំងឡាយមិនបានជាប់អំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនញាតិ។ ប្រុសទាំងឡាយឯណាមួយនៅគ្រប់គ្រងផ្ទះ ប្រុសទាំងនោះហៅថា គហបតិ។ ស្រីទាំងឡាយឯណាមួយនៅគ្រប់គ្រងផ្ទះ ស្រីទាំងនោះ ហៅថា គហបតានី។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី ឬកែវពព្រុស ពេជ្រភ្នែកឆ្មារក្ដី កែវផលិកក្ដី សម្ពត់ ឬសក្លាតក្ដី អម្បោះក្ដី កប្បាសក្ដី ហៅថាដម្លៃចីវរ។
            
            
         
        
            
                ID: 636783210100043547 
                
            
            
                ទៅកាន់ទំព័រ៖