ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ១០
[៧០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង អមាត្យធំជាឧបដ្ឋាករបស់ព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ បញ្ជូនដម្លៃចីវរទៅដោយបម្រើ ដើម្បីព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដដោយពាក្យថា អ្នកចូរទិញចីវរដោយដម្លៃចីវរនេះ ហើយចូរឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរចុះ។ ឯបម្រើនោះក៏ចូលទៅរកព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា បពិត្រលោកម្ចាស់ដ៏ចម្រើន ដម្លៃចីវរនេះ ខ្ញុំនាំមកចំពោះលោកដ៏មានអាយុ សូមលោកដ៏មានអាយុ ទទួលយកដម្លៃចីវរ (នេះ)ចុះ។ កាលបើបម្រើនោះនិយាយយ៉ាងនេះហើយ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ បានពោលពាក្យនេះនឹងបម្រើនេះថា ម្នាលអាវុសោ យើងទទួលដម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរដ៏សមគួរដោយកាលគួរ។ កាលបើព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ ពោលយ៉ាងនេះហើយ បម្រើនោះបានពោលពាក្យនេះនឹងព្រះឧបនន្ទ
ID: 636783211553556684
ទៅកាន់ទំព័រ៖