ព្រះត្រៃបិដក ភាគ ០៣

ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិនសមបើ​នឹង​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នករាល់គ្នា​ធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ផង​ ​មិនមែន​នាំ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ដល់​ជន​ដែល​ជ្រះថ្លា​ហើយ​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​ ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​។​
 ​[​៧៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី​ ​១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​រោមចៀម​ខ្មៅ​ ​(​ ​នោះ​សំដៅយក​)​ ​រោមចៀម​ខ្មៅ​ទាំង​ ​២យ៉ាង​ ​គឺ​ ​រោមចៀម​ខ្មៅ​ពី​កំណើត១​ ​រោមចៀម​ខ្មៅ​ពី​គ្រឿង​ជ្រលក់១​។​ ​គ្រឿង​កម្រាល​ដែលគេ​មិន​ត្បាញ​ ​គ្រាន់តែ​គេ​ស្មាច់​ ​ហើយ​ធ្វើ​ឱ្យ​សម្រេច​ ​ហៅថា​ ​សន្ថ័ត​។​ ​ពាក្យ​ថា​ ​ឱ្យ​គេ​ធ្វើ​ ​គឺ​ភិក្ខុ​ធ្វើខ្លួន​ឯង​ក្ដី​ ​ឱ្យ​គេ​ធ្វើ​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​សន្ថ័ត​ ​ដែល​បាន​មក​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះ​ដល់​សង្ឃ​ក៏បាន​ ​ដល់​គណៈ​ក៏បាន​ ​ដល់​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​សន្ថ័ត​នេះ​ ​ខ្ញុំ​ឱ្យ​គេ​ធ្វើ​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636783219028444223
ទៅកាន់ទំព័រ៖