ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៤
[៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ភិក្ខុទាំងឡាយឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំ។ ភិក្ខុទាំងនោះជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នក ទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនគួរបើនឹងឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំយ៉ាងនេះ ពួកសមណៈជាកូនចៅព្រះពុទ្ធជា សក្យបុត្ដជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា ក៏ពួកយើងធ្វើ សន្ថ័តម្ដងប្រើបាន៥ឆ្នាំខ្លះ ៦ឆ្នាំខ្លះ ក្មេងរបស់យើងទាំងឡាយជុះដាក់ខ្លះ នោមដាក់ខ្លះ កណ្ដុរកាត់ខ្លះ (ក៏គង់ប្រើបានយូរដល់ត្រឹមនោះ) ចំណែកពួក សមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដទាំងនេះ ឱ្យគេធ្វើសន្ថ័តរាល់ៗឆ្នាំ សមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនេះ ជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ ភិក្ខុទាំងឡាយបានឮ ពាក្យមនុស្សទាំងនោះ
ID: 636783221486614822
ទៅកាន់ទំព័រ៖