ព្រះត្រៃបិដក ភាគ ៣០
សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ
ទុតិយភាគ
ភិក្ខុនីសំយុត្ត
អាឡវិកាសូត្រ ទី១
[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុនីឈ្មោះអាឡវិកា ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏មានសេចក្តីត្រូវការ ដោយទីស្ងាត់ ហើយចូលទៅកាន់អន្ធវ័ន។
[២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាឡវិកាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសេចក្តីស្ងប់ស្ងាត់ ហើយក៏ចូលទៅរកអាឡវិកាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងអាឡវិកាភិក្ខុនីថា
ID: 636848708713298639
ទៅកាន់ទំព័រ៖