ព្រះត្រៃបិដក ភាគ ៣០
[១៣២] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រាច់បិណ្ឌបាត តាមលំដាប់ផ្ទះ ក្នុងក្រុងរាជគ្រឹះហើយ ក៏ចូលទៅកាន់ផ្ទះ របស់អគ្គិកភារទ្វាជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទ្រង់ឈរនៅក្នុងទីសមគួរ។
[១៣៣] អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរ ដើម្បីបិណ្ឌបាត លុះឃើញហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា
អ្នកណាបរិបូណ៌ដោយវិជ្ជាបី មានជាតិ (ដ៏បរិសុទ្ធ) ជាអ្នកចេះចាំគម្ពីរច្រើន ជាអ្នកបរិបូណ៌ ដោយវិជ្ជា ចរណៈ អ្នកនោះ ទើបគួរបរិភោគ នូវបាយាសនេះបាន។
[១៣៤] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មង ខាងក្នុង ត្រូវសេចក្តីកុហករួបរឹតហើយ មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ
ID: 636848990206479128
ទៅកាន់ទំព័រ៖