ព្រះត្រៃបិដក ភាគ ៣០
ចង់ចូលក្នុងពោះអ្នកក៏បាន អ្នកមិនឃើញយើង ដែលកំពុងឋិតនៅក្នុងចន្លោះរោមភ្នែកឡើយ យើងជាស្ត្រីស្ទាត់ក្នុងចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយ ដោយប្រពៃ យើងផុតហើយ ចាកចំណងទាំងអស់ នែអាវុសោ យើងមិនខ្លាចអ្នកទេ។
លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧប្បលវណ្ណាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។
ចាលាសូត្រ ទី៦
[១៦] សាវត្ថីនិទាន។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។
[១៧] គ្រានោះ មារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី។បេ។ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាងមិនគាប់ចិត្តនឹងអ្វី។ ម្នាលអាវុសោ យើងមិនគាប់ចិត្តនឹងជាតិ។
ID: 636848713171513634
ទៅកាន់ទំព័រ៖