ព្រះត្រៃបិដក ភាគ ៣០
តែងជាប់ចំពាក់ក្នុងឧបធិទាំងឡាយ អ្នកឯងជាបុគ្គល មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ចូរបន្ទោបង់នូវចំណង់ ក្នុងរូបដែលឃើញហើយ ក្នុងសំឡេងដែលឮហើយ ក្នុងក្លិន និងរសដែលប៉ះពាល់ហើយ ក្នុងផោដ្ឋព្វារម្មណ៍ ដែលពាល់ត្រូវហើយ អ្នកណាមិនជាប់នៅ ក្នុងបញ្ចកាមគុណនេះ ពួកជនហៅអ្នកនោះ ថាជាអ្នកប្រាជ្ញ មួយទៀត វិតក្កៈទាំងឡាយ ដែលមិនប្រកបដោយធម៌ អាស្រ័យនូវអារម្មណ៍៦ តាំងនៅក្នុងពួកបុថុជ្ជន បុគ្គលណា មិនទៅកាន់កិលេសវដ្តៈ ក្នុងទីណាមួយ ទាំងមិនពោលពាក្យអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ ជាអ្នកប្រាជ្ញ មានចិត្តតាំងមាំ អស់កាលជាយូរអង្វែង ជាអ្នកមិនកុហក មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន ទាំងមិនមានសេចក្តីស្រឡាញ់ ឈ្មោះថាជាអ្នកប្រាជ្ញ បានត្រាស់ដឹងនូវព្រះនិព្វាន មួយទៀត បុគ្គលនោះ បរិនិព្វានហើយ ព្រោះអាស្រ័យព្រះនិព្វាន តែងទន្ទឹងនូវបរិនិព្វានកាល។
ID: 636849012443130992
ទៅកាន់ទំព័រ៖