ព្រះត្រៃបិដក ភាគ ៣០
[២២៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានតិះដៀលនូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ជាអ្នកបង្កើតផ្លូវដែលមិនទាន់កើត ឲ្យស្គាល់ផ្លូវដែលមិនទាន់ស្គាល់ ប្រាប់ផ្លូវដែលមិនទាន់ប្រាប់ ទ្រង់ដឹងនូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ឈ្លាសវៃក្នុងផ្លូវ បពិត្រព្រះអង្គដ៏ចំរើន ពួកសាវ័កក្នុងកាលឥឡូវនេះ តែងដើរទៅតាមផ្លូវ ដើរតាមក្រោយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ សូមបវារណាចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ មិនទ្រង់តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅ ក្នុងកាយទ្វារ ឬវចីទ្វារ របស់ខ្ញុំព្រះអង្គទេឬ។ ម្នាលសារីបុត្ត តថាគត មិនបានតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់អ្នកទេ ម្នាលសារីបុត្ត អ្នកជាបណ្ឌិត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាច្រើន ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាក្រាស់ ម្នាលសារីបុត្ត អ្នកមានប្រាជ្ញា ជាហេតុឲ្យកើតសេចក្តីរីករាយ
ID: 636849015797072826
ទៅកាន់ទំព័រ៖