ព្រះត្រៃបិដក ភាគ ៣០
ម្នាលសមណៈ ចូរលោកចេញទៅវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ទ្រង់ចូលមកវិញ។
[៣១៨] អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ អស់វារៈ៤ដងទៀតថា ម្នាលសមណៈ ចូរលោកចេញទៅវិញ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ កិច្ចណា អ្នកឯងត្រូវធ្វើ ចូរអ្នកឯង ធ្វើកិច្ចនោះចុះ។ ម្នាលសមណៈ ខ្ញុំនឹងសួរប្រស្នា ចំពោះលោក បើលោកមិនដោះប្រស្នាខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក ឬវះហឫទ័យរបស់លោក ពុំនោះសោត ខ្ញុំនឹងចាប់ជើងលោកបោះទៅ ក្នុងត្រើយខាងនាយ នៃទន្លេគង្គា។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់ចិត្តតថាគត ឬវះហឫទ័យ ឬក៏ចាប់ជើងគ្រវែងទៅ ក្នុងត្រើយខាងនាយ នៃទន្លេគង្គា តថាគត មិនដែលឃើញបុគ្គលនោះសោះ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលអាវុសោ បើដូច្នោះ ចូរអ្នកឯងសួរប្រស្នា ដែលអ្នកឯងប៉ុនប៉ងសួរចុះ។
ID: 636849047621723092
ទៅកាន់ទំព័រ៖