ព្រះត្រៃបិដក ភាគ ៣០
ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ២ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ២ដង។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ៣ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។
[៣២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុវីរទេវបុត្តថា
បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ តែងបានសេចក្តីសុខ ក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
ID: 636849049132609510
ទៅកាន់ទំព័រ៖