ព្រះត្រៃបិដក ភាគ ៣០
ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្តមក អស់វារៈ៣ដងថា ម្នាលបាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង នឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។
[៣៣៦] ម្នាលភិក្ខុទាំងឡាយ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុសិមទេវបុត្តថា
បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ បានសេចក្តីសុខក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
[៣៣៧] សុសិមទេវបុត្តទូលថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេចនូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កៈ សូមព្រះអង្គទ្រង់បង្ហាញ នូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។
ID: 636849050266544367
ទៅកាន់ទំព័រ៖