ព្រះត្រៃបិដក ភាគ ៣០
[៣៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានផ្គុំគ្នា (ប្រទល់គ្នា) ហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ បានហៅពួកទេវតា ក្នុងឋានតាវត្តិង្សមកថា ម្នាលគ្នាយើង កាលបើពួកទេវតា ចូលកាន់សង្គ្រាមហើយ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើង ពួកអ្នកគប្បីក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ ក្នុងសម័យនោះចុះ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំទេ ក៏ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតិចុះ។ ព្រោះថា កាលបើពួកអ្នកក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញបាន។ បើអ្នកទាំងឡាយ មិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិទេ ក៏ត្រូវក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ វរុណៈ ។
ID: 636849050962664183
ទៅកាន់ទំព័រ៖