ព្រះត្រៃបិដក ភាគ ៣០
បើពួកទេវតាឈ្នះ ពួកអសុរចាញ់ ពួកអ្នកត្រូវចង វេបចិត្តិអសុរិន្ទ នោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់របស់យើង។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាក្នុងឋានតាវត្តិង្ស ចងវេបចិត្តិអសុរិន្ទ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់សក្កទេវានមិន្ទ។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ បានឮថា វេបចិត្តិអសុរិន្ទ ដែលត្រូវពួកទេវតាចង ដោយចំណង មានចំណងក ជាគំរប់ប្រាំ ក៏ស្រែកជេរផ្តាសាសក្កទេវានមិន្ទ ដែលស្តេចចូលមកកាន់សុធម្មសភា ទាំងស្តេចចេញមកវិញ ដោយវាចា ជាអសប្បុរស ដ៏អាក្រក់។
[៣៤៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង មាតលិសង្គាហកទេវបុត្ត បាននិយាយនឹងសក្កទេវានមិន្ទ ដោយគាថាថា
បពិត្រមឃវសក្កទេវរាជ ព្រះអង្គឮវាចាអាក្រក់ របស់វេបចិត្តិអសុរិន្ទ ក្នុងទីចំពោះព្រះភក្ត្រហើយ ទ្រង់អត់ធ្មត់បាន តើព្រោះទ្រង់ខ្លាច ឬព្រោះទ្រង់មានកំឡាំងខ្សោយ។
ID: 636849052684432663
ទៅកាន់ទំព័រ៖