ព្រះត្រៃបិដក ភាគ ៣០

​ពួក​ទេវតា​ ​និង​ពួក​អសុរ​ ​បាន​តាំង​ពួក​បរិស័ទ​ ​(​ជា​សាក្សី​)​ ​ថា​ ​ពួក​បរិស័ទ​ទាំងនេះ​ ​នឹង​ដឹង​ច្បាស់​ ​នូវ​សុភាសិត​ ​ឬ​ទុព្ភាសិត​របស់​យើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលនោះ​ ​វេបចិត្តិ​អសុរិន្ទ​ ​បាន​និយាយ​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​យ៉ាងនេះ​ថា​ ​នែ​ទេ​វាន​មិន្ទ​ ​ចូរ​អ្នកពោល​គាថា​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​វេបចិត្តិ​អសុរិន្ទ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​និយាយ​នឹង​វេបចិត្តិ​អសុរិន្ទ​ ​យ៉ាងនេះ​ថា​ ​នែ​វេបចិត្តិ​ ​ពួក​អ្នកជា​ទេវតា​ ​កើតមុន​ក្នុង​ឋាន​នេះ​ ​នែ​វេបចិត្តិ​ ​ចូរ​អ្នកពោល​គាថា​មុន​ចុះ​។​
 [​៣៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សក្ក​ទេ​វាន​មិន្ទ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​វេបចិត្តិ​អសុរិន្ទ​ ​បាន​ពោល​គាថា​នេះ​ថា​ ​
​បើ​បុគ្គល​មិន​ឃាត់​ហាម​ជនពាល​ទេ​ ​ពួក​ជនពាល​ ​នឹង​រឹងរឹតតែ​ឈ្លានពាន​ឡើង​ ​ហេតុ​នោះ​ ​អ្នកប្រាជ្ញ​ត្រូវ​ឃាត់​ហាម​ជនពាល​ ​ដោយ​អាជ្ញា​ដ៏​ខ្លាំង​។​ ​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អសុរ​ ​សប្បាយរីករាយ​នឹង​គាថា​ ​ដែល​វេបចិត្តិ​អសុរិន្ទ​ ​បាន​ពោល​ហើយ​ ​តែ​ពួក​ទេវតា​នៅ​ស្ងៀម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​វេបចិត្តិ​អសុរិន្ទ​ ​បាន​ពោល​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​យ៉ាងនេះ​ថា​ ​នែ​ទេ​វាន​មិន្ទ​ ​អ្នកឯង​ចូរ​ពោល​គាថា​ចុះ​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636849054053900992
ទៅកាន់ទំព័រ៖