ព្រះត្រៃបិដក ភាគ ៣០
បើទុកជាសេចក្តីក្រោធ កើតឡើង ដល់អាត្មាអញ ត្រូវតែអាត្មាអញបន្ទោបង់សេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត១។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែបានសមាទាន វត្តបទ ទាំង៧ប្រការនោះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។
[៣៩០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ។បេ។ ពួកទេវតានៅឋានតាវត្តិង្ស បានហៅបុគ្គលអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែង ចំពោះបុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយពាក្យផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកបតែក្នុងការកំចាត់បង់សេចក្តីកំណាញ់ មានសំដីទៀង ជាជនគ្របសង្កត់សេចក្តីក្រោធនោះឯង ថាជា សប្បុរស ។
ID: 636849063379354377
ទៅកាន់ទំព័រ៖