ព្រះត្រៃបិដក ភាគ ៣០
ទេវបុត្តនោះ មានសម្បុរ និងយសរុងរឿង លើសទេវតាដទៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ បានហៅពួកទេវតាជាន់តាវត្តិង្សមកថា ម្នាលពួកអ្នកនិទ៌ុក្ខ អ្នកទាំងឡាយ កុំពោលទោសទេវបុត្តនុ៎ះឡើយ ម្នាលពួកអ្នកនិទ៌ុក្ខ ទេវបុត្តនុ៎ះ កាលកើតជាមនុស្ស បានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ លុះទេវបុត្តនោះ បានសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសំដែងហើយ បែកធ្លាយរាងកាយស្លាប់ទៅ បានមកកើតក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស បានជាទេវបុត្តនោះ មានសម្បុរ និងយសរុងរឿង ជាងពួកទេវតាឯទៀត។
[៣៩៨] ម្នាលភិក្ខុទាំងឡាយ កាលដែលសក្កទេវានមិន្ទ ពន្យល់ពួកទេវតាជាន់តាវត្តិង្សហើយ បានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា
ID: 636849065067160914
ទៅកាន់ទំព័រ៖