ព្រះត្រៃបិដក ភាគ ៣០
ម្នាលនាងព្រាហ្មណី នាងរៀបចំនូវគ្រឿងបូជា ជានិច្ច ចំពោះព្រហ្មណា លោករបស់ព្រហ្មនោះ នៅឆ្ងាយ(១) អំពីទីនេះណាស់ ម្នាលនាងព្រាហ្មណី គ្រឿងបូជាប្រាកដដូច្នេះ មិនមែនជាចំណីរបស់ព្រហ្មទេ នាងមិនដឹងនូវផ្លូវ(២) របស់ព្រហ្ម ហើយចរចាដូចម្តេចបាន ម្នាលនាងព្រាហ្មណី ក៏ឯភិក្ខុ ឈ្មោះព្រហ្មទេព (ជាកូន) របស់នាងនេះ ជាអ្នកមិនមានឧបធិ ជាអ្នកដល់នូវភាពជាទេវតា ដ៏ក្រៃលែង មិនមានសេចក្តីកង្វល់ ជាអ្នកមិនចិញ្ចឹមបុគ្គលដទៃ ភិក្ខុនោះ ចូលមកកាន់ផ្ទះនាងឥឡូវនេះ ដើម្បីបិណ្ឌបាត ជាបុគ្គលគួរដើម្បីទទួលដុំបាយ ដែលគេនាំមកបូជា ជាអ្នកដល់នូវទីបំផុត នៃទុក្ខដោយវេទ(៣) មានខ្លួនអប់រំហើយ ជាបុគ្គលគួរទទួលទាន របស់ពួកមនុស្ស និងទេវតា បានបន្សាត់ចោល នូវបាបទាំងឡាយ មិនប្រឡាក់ដោយជ័រ គឺតណ្ហា និងទិដ្ឋិ
(១) ថ្មប្រមាណប៉ុនផ្ទះកំពូល ធ្លាក់ចុះមកអំពីព្រហ្មលោកមួយថ្ងៃមួយយប់ បានចម្ងាយ៤ម៉ឺន ៨ពាន់យោជន៍ ធ្លាក់ចុះមក៤ខែ ទើបដល់ផែនដី នេះជាចម្ងាយព្រហ្មលោកជាន់ទាបបំផុត។ (២) កុសលជ្ឈានទាំង៤ ជាផ្លូវរបស់ព្រហ្ម វិបាកជ្ឈានទាំង៤ ជាផ្លូវជីវិតរបស់ព្រហ្ម។ (៣) សំដៅយកមគ្គទាំង៤។
ID: 636848722823925721
ទៅកាន់ទំព័រ៖