ព្រះត្រៃបិដក ភាគ ៣០
កាលបើចិត្ត របស់ស្ត្រីភាពដែលឃើញនូវធម៌(១) ដោយប្រពៃ បានតាំងមាំហើយ(២) កាលបើញាណ(៣) កំពុងប្រព្រឹត្តទៅ ស្ត្រីភាពនឹងធ្វើអ្វី (ក៏ធ្វើបាន) បើបុគ្គលណា មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញជាស្ត្រី ឬជាបុរស ឬមួយមានកង្វល់ថា អាត្មាអញ មាន ដូច្នេះ មារគួរនឹងស្តីថាឲ្យបុគ្គលនោះបាន។
លំដាប់នោះ មារមានចិត្តបាប ដឹងថា សោមាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។
គោតមីសូត្រ ទី៣
[៧] សាវត្ថីនិទាន។ គ្រានោះ កិសាគោតមីភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។
(១) ចតុសច្ចធម៌ ឬខន្ធបញ្ចកៈ ជាអារម្មណ៍នៃវិបស្សនា។ (២) ចិត្តដែលតាំងនៅក្នុងសមាធិ។ (៣) ផលសមាបត្តិញ្ញាណ។
ID: 636848710533052723
ទៅកាន់ទំព័រ៖