ព្រះត្រៃបិដក ភាគ ៣០
លំដាប់នោះឯង មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គទៀត ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។ គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម បាននិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ដូច្នេះថា នែគ្នាយើង កាលនេះ ជាកាលមិនទាន់គួរនឹងចូលទៅគាល់ព្រះមានព្រះភាគនៅឡើយទេ ព្រោះព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ កំពុងសម្ងំនៅក្នុងឈានសមាបត្តិផង ចំណែកខាងព្រហ្មលោកឯណោះ ស្តុកស្តម្ភ (ដោយឈានសុខ) និងរីក (ដោយផ្កា គឺអភិញ្ញា) ប៉ុន្តែមានព្រហ្មក្នុងព្រហ្មលោកនោះ នៅដោយសេចក្តីប្រមាទផង នែគ្នាយើង មក យើងនឹងចូលទៅឯព្រហ្មលោកនោះវិញ លុះចូលទៅដល់ហើយ ត្រូវញុំាងព្រហ្មនោះឲ្យសង្វេគ។ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានទទួលស្តាប់ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា យ៉ាងហ្នឹងហើយ គ្នាយើង។ លំដាប់នោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ក៏ដូចជាបុរសមានកំលាំង។បេ។ បាត់អំពីទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ទៅប្រាកដក្នុងព្រហ្មលោកនោះ។ ព្រហ្មនោះ បានឃើញព្រហ្មទាំងពីរនោះ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏សួរព្រហ្មទាំងនោះ យ៉ាងនេះថា
ID: 636848966285660935
ទៅកាន់ទំព័រ៖