ព្រះត្រៃបិដក ភាគ ៣០
[១១] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ ឲ្យកើតឡើង ដល់វិជយាភិក្ខុនី។បេ។ ប្រាថ្នាឲ្យឃ្លាតចាកសមាធិ ក៏ចូលទៅរកវិជយាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងវិជយាភិក្ខុនីថា
នាងជាស្ត្រីក្រមុំ មានរូបឆោម យើងក៏កំឡោះក្មេង ម្នាលនាងម្ចាស់ នាងចូរមក យើងទាំងពីរនាក់ ចូរត្រេកអរជាមួយគ្នា ដោយតន្ត្រី ប្រកបដោយអង្គ៥(១) ។
[១២] លំដាប់នោះ វិជយាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបវិជយាភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប។បេ។ បានជាពោលនូវគាថា។ លុះវិជយាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា
(១) អាតតំ ស្គរដែលគេដាសពាសតែម្ខាង១ វិតតំ ស្គរតូច ដែលគេដាសពាសទាំងពីរខាង មានសំភោរជាដើម១ អាតតវិតតំ ស្គរធំ ដែលគេដាសពាសទាំងពីរខាង មានស្គរជ័យជាដើម១ ឃនំ គ្រឿងតូរ្យតន្ត្រីតាន់ គ្មានប្រហោង១ សុសិរំ គ្រឿងតូរ្យតន្ត្រីមានប្រហោង១។
ID: 636848711712130162
ទៅកាន់ទំព័រ៖