ព្រះត្រៃបិដក ភាគ ៣០
ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។ កាលបើនាងព្រាហ្មណី ពោលយ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ និយាយនឹងនាងធនញ្ជានីព្រាហ្មណី យ៉ាងនេះថា មេចង្រៃនេះ ធ្លាប់តែឯចឹងៗ ហ៊ានពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញនឹងលើកនូវវាទៈ
(១) ចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាលឥឡូវនេះ។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ខ្ញុំមិនដែលឃើញអ្នកណា អាចលើកនូវវាទៈ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាលព្រាហ្មណ៍ តែថាអ្នកចូរទៅចុះ លុះទៅហើយ គង់តែនឹងដឹងទេ។
[១០៧] គ្រានោះឯង ព្រាហ្មណ៍ភារទ្វាជគោត្រ ខឹងអន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍ភារទ្វាជគោត្រ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា
(១) អញនឹងលើកនូវវាទៈ បានសេចក្តីថា អញនឹងសួរដេញដោល។
ID: 636848985642648092
ទៅកាន់ទំព័រ៖