ព្រះត្រៃបិដក ភាគ ៣០
អក្កោសកសូត្រ ទី២
[១១០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ព្រាហ្មណ៍ឈ្មោះ អក្កោសកភារទ្វាជៈ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ជេរគម្រាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស អាក្រក់។
[១១១] កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងអក្កោសកភារទ្វាជព្រាហ្មណ៍ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកមិត្រអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកអ្នកដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលពួកមិត្តអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកខ្ញុំម្តងៗដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានរៀបខាទនីយ ភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលខ្ញុំបានរៀបខាទនីយភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរ។
ID: 636848986396811227
ទៅកាន់ទំព័រ៖