ព្រះត្រៃបិដក ភាគ ៣០

​បុគ្គល​ពាល​ណា​ ​ប្រទូស្ត​ចំពោះ​ជន​ ​ដែល​មិនបាន​ប្រទូស្ត​ ​ជា​សត្វ​ដ៏​ស្អាត​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​បាប​រមែង​ត្រឡប់​មក​ត្រូវ​បុគ្គល​ពាល​នោះ​វិញ​ ​ដូចជា​ធូលី​ដ៏​ល្អិត​ ​ដែលគេ​បាច​ច្រាសខ្យល់​។​

 [​១១៩​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពិ​លង្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​។​បេ​។​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទីរឭក​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​បាន​នូវ​បព្វជ្ជា​ ​ក្នុង​សំណាក់​ព្រះ​គោតម​ដ៏​ចំរើន​។​បេ​។​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​នៃ​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636848988165232375
ទៅកាន់ទំព័រ៖