ព្រះត្រៃបិដក ភាគ ៣០
ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ ជាអ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយនិងទឹកទៀតចុះ ព្រោះថា នោះជាខេត្តរបស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។
[១៥៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កសិភារទ្វាជព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។
ឧទយសូត្រ ទី២
[១៥៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍។ លំដាប់នោះឯង ឧទយព្រាហ្មណ៍ យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ។
ID: 636848996739542798
ទៅកាន់ទំព័រ៖