ព្រះត្រៃបិដក ភាគ ៣០
ម្នាលព្រាហ្មណ៍ អ្នកឯងមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានកូនបួននាក់ ក្នុងទីនេះ កូនទាំងនោះ សមគំនិតគ្នានឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំព្រះអង្គចេញពីផ្ទះ។
[១៦៩] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយរបស់អ្នកអង្គុយហើយផងថា
ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូនទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ
ID: 636848999526942228
ទៅកាន់ទំព័រ៖