ព្រះត្រៃបិដក ភាគ ៣០
សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។
មានត្ថទ្ធសូត្រ ទី៥
[១៧៣] សាវត្ថីនិទាន។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ មានត្ថទ្ធៈ (អ្នកមានមានះរឹងរូស) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ ព្រាហ្មណ៍នោះ មិនសំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ។
[១៧៤] សម័យនោះឯង ព្រះមានព្រះភាគ កំពុងមានបរិស័ទច្រើន ចោមរោម ទ្រង់សំដែងធម៌។ គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង មានបរិស័ទច្រើនចោមរោម ទ្រង់សំដែងធម៌ បើដូច្នោះ មានតែអាត្មាអញចូលទៅរកព្រះសមណគោតម ប្រសិនបើព្រះសមណគោតមនិយាយនឹងអាត្មាអញ អាត្មាអញ ក៏និយាយនឹងលោកវិញ បើព្រះសមណគោតម មិននិយាយនឹងអាត្មាអញទេ អាត្មាអញ ក៏មិននិយាយនឹងលោកវិញដែរ។
ID: 636849000784584161
ទៅកាន់ទំព័រ៖