ព្រះត្រៃបិដក ភាគ ៣០

​មាតុ​បោសក​សូត្រ​ ​ទី៩​


 [​១៩២​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រាហ្មណ៍​ឈ្មោះ​មាតុ​បោស​កៈ​ ​(​អ្នក​ចិញ្ចឹម​មាតា​)​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មាតុ​បោសក​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ស្វែងរក​នូវ​ភិ​ក្ខារ​ដោយ​ធម៌​ ​លុះ​ស្វែងរក​នូវ​ភិក្ខា​ដោយ​ធម៌​ហើយ​ ​តែង​ចិញ្ចឹម​នូវ​មាតាបិតា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ធ្វើ​យ៉ាងនេះ​ ​ឈ្មោះថា​ជា​អ្នកធ្វើ​នូវ​កិច្ច​ ​(​តបគុណ​)​ ​បាន​ដែរ​ឬ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​អើ​ព្រាហ្មណ៍​ ​អ្នកធ្វើ​យ៉ាងនេះ​ ​ឈ្មោះថា​ជា​អ្នកធ្វើ​នូវ​កិច្ច​ ​(​តបគុណ​)​ ​បាន​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ណា​ស្វែងរក​ ​នូវ​ភិក្ខា​ដោយ​ធម៌​ ​លុះ​ស្វែងរក​នូវ​ភិក្ខា​ដោយ​ធម៌​ហើយ​ ​ចិញ្ចឹម​មាតាបិតា​ ​បុគ្គល​នោះ​ ​តែង​បានបុណ្យ​ដ៏​ច្រើន​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636849008129744280
ទៅកាន់ទំព័រ៖