ព្រះត្រៃបិដក ភាគ ៣០
វនសំយុត្ត
វិវេកសូត្រ ទី១
[២៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏ក្នុងសម័យនោះ ភិក្ខុនោះ ទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយត្រិះរិះនូវអកុសលវិតក្កទាំងឡាយ ដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ។
[២៤១] ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា
លោកប្រាថ្នាសេចក្តីស្ងាត់ បានជាចូលមកកាន់ព្រៃ តែចិត្តរបស់លោក នៅតែត្រាច់ទៅក្នុងអារម្មណ៍ខាងក្រៅ លោកចូរជាជននាំចេញ នូវឆន្ទរាគក្នុងជន (ដទៃ) តអំពីនោះ លោកនឹងបានសេចក្តីសុខ ប្រាសចាករាគៈមិនខាន លោកចូរលះបង់សេចក្តីមិនត្រេកអរចេញ លោកចូរជាអ្នកមានស្មារតី
ID: 636849020820270137
ទៅកាន់ទំព័រ៖