ព្រះត្រៃបិដក ភាគ ៣០
[២៩៩] គ្រានោះឯង យក្ខិនីឈ្មោះ បិយង្ករមាតា លួងកូនតូច យ៉ាងនេះថា
ម្នាលបិយង្ករៈ ឯងកុំមាត់កឡើយ ដ្បិតភិក្ខុកំពុងសំដែងធម្មបទ ប្រសិនបើយើងដឹងច្បាស់ នូវធម្មបទហើយ ប្រតិបត្តិតាមដើម្បីជាប្រយោជន៍ ប្រយោជន៍នឹងមានដល់យើង។
[៣០០] កូនតបថា យើងនឹងសង្រួម ក្នុងសត្វទាំងឡាយ យើងកុំពោល នូវពាក្យសម្បជានមុសាវាទ យើងគួរសិក្សានូវមារយាទ របស់ខ្លួនឲ្យល្អ ទើបយើងរួចអំពីកំណើតបិសាចបាន។
បុនព្វសុសូត្រ ទី៧
[៣០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទប្រុងស្តាប់ធម៌។
ID: 636849043693138390
ទៅកាន់ទំព័រ៖