ព្រះត្រៃបិដក ភាគ ៣០
[៣១០] ព្រះអង្គត្រាស់ថា បុគ្គលជាអ្នកបន្សាត់បង់បាប រំលត់កិលេស រមែងដេកជាសុខសព្វកាល បុគ្គលណាមានសេចក្តីត្រជាក់ត្រជំ ឥតមានឧបធិក្កិលេស កាត់បង់តណ្ហាទាំងអស់ បន្ទោបង់សេចក្តីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ មិនបានប្រឡាក់ ក្នុងកាមទាំងឡាយ បុគ្គលនោះ រមែងដល់នូវសេចក្តីរម្ងាប់កិលេសដោយចិត្ត មានចិត្តស្ងប់រម្ងាប់ ដេកនៅជាសុខ។
បឋមសុក្កាសូត្រ ទី៩
[៣១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ភិក្ខុនីឈ្មោះ សុក្កា មានបរិស័ទច្រើនចោមរោម កំពុងសំដែងធម៌។
[៣១២] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថាទាំងនេះ ក្នុងវេលានោះថា
ID: 636849046081044970
ទៅកាន់ទំព័រ៖