ព្រះត្រៃបិដក ភាគ ៣០
[៦៩] សុព្រហ្មតបថា វិមានរបស់អ្នកនោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង ក៏មែនហើយ ប៉ុន្តែ អ្នកប្រាជ្ញ មានប្រាជ្ញាល្អ តែងឃើញទោសក្នុងរូបផង ឃើញរូបដែលញាប់ញ័រសព្វកាលផង ហេតុនោះ បានជាលោកមិនត្រេកអរក្នុងរូប។
[៧០] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ញុំាងព្រហ្មនោះ ឲ្យសង្វេគហើយ ក៏បាត់អំពីទីនោះទៅ។ លុះចំណេរតមក ព្រហ្មនោះ ក៏បានទៅកាន់ទីបំរើព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ។
បឋមកោកាលិកសូត្រ ទី៧
[៧១] ទៀបក្រុងសាវត្ថី... សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះ មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។
ID: 636848967133959455
ទៅកាន់ទំព័រ៖