ព្រះត្រៃបិដក ភាគ ៣១
[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរានិងមរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរានិងមរណៈនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់ នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ជាតិ ដូចម្តេច... ភព ដូចម្តេច... ឧបាទាន ដូចម្តេច.... តណ្ហា ដូចម្តេច... វេទនា ដូចម្តេច... ផស្សៈ ដូចម្តេច... សឡាយតនៈ ដូចម្តេច... នាមរូប ដូចម្តេច... វិញ្ញាណដូចម្តេច...។
[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។
ID: 636848599921606110
ទៅកាន់ទំព័រ៖