ព្រះត្រៃបិដក ភាគ ៣១
[១៥៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការផង ទាំងញាយធម៌ដ៏ប្រសើរ ក៏អរិយសាវ័កនោះ បានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ។បេ។ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ ក៏បាន។
(ត្រង់ពាក្យថា ភិក្ខវេ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ គ្រប់អន្លើផងចុះ)។
[១៥៧] ភ័យ ឬពៀរទាំង៥ប្រការ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាហេតុនៃសេចក្តីប្រមាទ។បេ។ នេះ ភ័យ ឬពៀរទាំង៥ប្រការ ដែលអរិយសាវ័កបានរម្ងាប់ហើយ។
ID: 636848604527229537
ទៅកាន់ទំព័រ៖